រឿងរ៉ាវ៧យ៉ាង ដែលអ្នកទេសចរគួរតែដឹងជាមុន មុនពេលទៅលេងប្រទេសទាំងនេះ


នៅពេលដែលអ្នកធ្វើដំណើរទៅលេងនៅប្រទេសណាមួយ អ្នកគួរតែដឹងរឿងរ៉ាវខ្លះៗពីប្រទេសទាំងនោះ ជៀសវាងបញ្ហាខ្លះដែល

នៅពេលដែលអ្នកធ្វើដំណើរទៅលេងនៅប្រទេសណាមួយ  អ្នកគួរតែដឹងរឿងរ៉ាវខ្លះៗពីប្រទេសទាំងនោះ ជៀសវាងបញ្ហាខ្លះដែលអាចកើតឡើងទៅលើអ្នកដោយសារមិនបានដឹងពីទំនៀមទំលាប់នៅក្នុងប្រទេសទាំងនោះ ដែលរឿងខ្លះអាចធ្វើអោយអ្នកត្រូវគេចាប់ដាក់ពន្ធនាគារផងក៏ថាបាន។

១. កុំពឹងលើផែនទី ហ្គូហ្គល ពេលទៅលេងនៅប្រទេសកូរ៉េខាងត្បូង

រដ្ឋាភិបាលនៃប្រទេសនេះមិនអនុញ្ញាតអោយហ្គូហ្គលប្រមូលទិន្នន័យនៅក្នុងប្រទេស ដោយសារទាក់ទងនឹងសន្តិសុខជាតិ ដូច្នេះមុនពេលទៅប្រទេសកូរ៉េខាងត្បូង អ្នកគួរតែតម្លើងកម្មវិធីសម្រាប់មើលផែនទីផ្សេងក្រៅពី Google Map។ កម្មវិធីទំាងនោះមានដូចជា Never Map ជាដើម ដែលមានជាភាសាកូរ៉េ និង អង់គ្លេស។

២. ហាមញាុំឬ ផឹក នៅលើរថយន្តក្រុង ឬ រថភ្លើងសាធារណៈនៅសឹង្ហបុរី

សឹង្ហបុរីត្រូវគេស្គាល់ថាជាប្រទេសមានបំរាមច្រើនបំផុត។ ការជក់បារីនៅទីសាធារណៈអាចនឹងត្រូវពិន័យ១០០០$ ការញាុំផឹក ឬបំបៅដោះកូននៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ អាចនឹងត្រូវពិន័យប្រហាក់ប្រហែលជា ៥០០$។ ទោះបីជាអ្នកស្រេកទឹកយ៉ាងណាក៏ដោយ អ្នកត្រូវតែទ្រាំអោយបាន រហូតដល់ចំណតដែលត្រូវចុះទើបអាចផឹកបាន។

ហេតុអ្វីបានជាមានច្បាប់តឹងតែងដូច្នេះ? រដ្ឋាភិបាលសឹង្ហបុរី ចង់បង្កាកុំអោយមានឧបត្តិវហេតុកើតឡើង ដូចជាការកំពប់ទឹក ការជ្រុះអាហារ ដែលអាចនាំអោយមានការរអិល នាំអោយមានគ្រោះថ្នាក់ និងការរំខានដល់អ្នកដំណើរដទៃទៀត។

៣. អ្នកអាចនឹងដេកគុកប្រសិនបើដើរជាន់ ឬនិយាយអាក្រក់ពីកន្ទោងសែន នៅតាមផ្លូវ នៅប្រទេសឥណ្ឌូនេសីុ

ប្រសិនបើអ្នកចង់ទៅលេងកោះបាលី ប្រទេសឥណ្ឌូនេស៊ី អ្នកត្រូវធ្វើអោយត្រឹមត្រូវ និង ប្រយ័ត្នប្រយែង នៅពេលឃើញ កន្ទោងសែន នៅតាមផ្លូវ ដែលគេសែនថ្វាយដល់ព្រះក្នុងសាសនាហិណ្ឌូ។ អ្នកស្រុកនៅទីនោះដាក់វាចោលនៅតាមផ្លូវដើររៀងរាល់ថ្ងៃ។ អ្នកណាដែលហ៊ានដើរជាន់វា ទោះជាអចេតនាក៏ដោយ ឬធ្វើកាយវិការមិនគោរពដល់វា គេអាចនឹងត្រូវជាប់គុករហូតដល់៤ឆ្នាំ និង ពិន័យជាប្រាក់ជាច្រើនទៀតផង។

ស្រ្តីម្នាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីបាននិយាយថា កន្ទោងសែនទំាងនេះអាក្រក់គួអោយខ្ពើមនៅមុខមនុស្សម្នាជាច្រើន។ គេបានស្តាប់ឮ ហើយរាយការណ៏ទៅកាន់ប៉ូលីស។ ប៉ូលីសបានចាប់ខ្លូននាង ហើយបញ្ជូនទៅកាន់តុលាកា។ នាងត្រូវបានតុលាកា កាត់ទោសដាក់ពន្ធនាគារ ១៤ខែ ពីបទមើលងាយដល់សាសនាហិណ្ឌូ។

៤. នៅប្រទេសស្វីស ពិបាករកទិញទំនិញបន្ទាប់ពីម៉ោង៩យប់

ជាធម្មតាហាងផ្សេងៗបិទនៅម៉ោង ៦ៈ៣០ នាទីនៅថ្ងៃធម្មតា និង ៩ៈ០០ យប់ នៅថ្ងៃព្រហស្បតិ៍ និង មិនដំណើរការទេ នៅថ្ងៃ អាទិត្យ ប៉ុន្តែនៅមានហាងតូចៗមួយចំនួនប៉ុណ្ណោះដែលនៅបើក។ ហើយបើទោះជាមានហាងខ្លះបើកហួសពីម៉ោង ៩ៈ០០ យប់ អ្នកក៏មិនអាចរកទិញស្រាបានដែរ។ ដូច្នេះអ្នកត្រូវគិតរកទិញអាហារ និង សម្ភារៈដែលត្រូវប្រើអោយហើយ មុនម៉ោង ៩ៈ០០ យប់ ហើយនៅប្រទេសមួយចំនួនទៀតដូចជា អូទ្រីស និង អាឡឺម៉ង់ ក៏ដូច្នេះដែរ។

៥. ហាមយកលុយឌីណា របស់ទុយនេសីុ ចេញពីប្រទេសនេះ

ប្រសិនបើអ្នកបានទៅលេងប្រទេសទុយនេសុី ហើយត្រឡប់មកវិញ អ្នកត្រូវចាយលុយអោយអស់ ឬដូរជារូបិយប័ណ្ណដុល្លា។ ការយកលុយរបស់ប្រទេសនេះចេញ អាចនឹងត្រូវជាប់ពន្ធនាគារ។ អ្នកខ្លះព្យាយាមដាក់លាយលុយកាក់ពីរ ឬបី ឬក្រដាសប្រាក់ខ្លះៗ ជាមួយក្រដាសប្រាក់ប្រទេសដទៃ តែអាចត្រូវបានដកហូតដោយប៉ូលីស នៅព្រលានយន្តហោះ។

៦. មានប៉ូលីសក្លែងក្លាយនៅតាមផ្លូវប្រទេសអីុតាលី

អ្នកអាចនឹងជួបប៉ូលីសក្លែងក្លាយនៅប្រទេសអីុតាលី។ ពួកគេមកបន្លំឆែកខ្លួនអ្នកទេសចរ ហើយលួចរបស់របរផ្សេងៗ។ ពួកគេស្លៀកពាក់ជាជនស៊ីវិលហើយបង្ហាញកាតក្លែងក្លាយ។ ប៉ូលីសពិតប្រាកដមិនមកឆែកឆេ អ្នកទេសចរទេ ដោយសារពួកគេមានភារកិច្ចផ្សេងពីនេះ។ ប្រសិនបើអ្នកជួបហេតុការណ៏នេះ អ្នកមិនត្រូវបង្ហាញឯកសារ និង កាបូប លុយ អោយទៅគេឡើយ អ្នកត្រូវអោយពួកគេហៅប៉ូលីស ដែលមានឯកសណ្ឋានពិតប្រាដកមក។ ពេលនោះពួកគេ នឹងគេចខ្លួនបាត់ស្រមោលជាមិនខាន។

៧. ប្រយ័ត្នធ្វើអោយខូចខាតដល់តាក់សីុ នៅប្រទេសចិន

មានល្បិចជាច្រើនដែលគេបង្កើតឡើងដើម្បីបោកប្រាស់យកលុយពីអ្នកទេសចរតាមបែបផែនផ្សេងៗគ្នា នៅតាមតំបន់ និង ប្រទេសផ្សេងៗនៅក្នុងពិភពលោក។ នៅក្នុងប្រទេសចិន អ្នកអាចនឹងត្រូវចោទប្រកាន់ពីបទ ធ្វើអោយខូចខាតដល់ តាក់សុី។ ដំណើររឿងកើតឡើងដូច្នេះ៖ គេបានយកកាវមកបិតលើដៃទ្វារឡានយ៉ាងស្តើងៗ ហើយនៅពេលដែលអ្នក ព្យាយាមទាញដៃទ្វារនោះដើម្បីបើកទ្វារចេញ ទ្វារនោះនឹងបាក់។ ពេលនោះអ្នកនឹងត្រូវគេទាអោយសងលើការខូចខាត នោះ។ ដូច្នេះអ្នកត្រូវទាក់ទងទៅប៉ូលីស ដើម្បីអោយជួយអន្តរាគមន៏។ អ្នកត្រូវដឹងពីរបៀបទាក់ទងរកតាក់សីុ ស្របច្បាប់ ដែលទៀងត្រង់។ ឧទាហរណ៏ នៅទីក្រុងប៉េកាំងរថយន្តតាក់សីុស្របច្បាប់តែងតែមានស្លាកលេខ ផ្តើមឡើង ដោយអក្សរ 京 B។