“ថ្មអណ្តែត”

ដែលស្ថិតក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្មអណ្តែត : ថ្មអណ្តែតគឺជាកន្លែងទីសក្ការៈបូជា សម្រាប់អ្នកដំណើរគ្រប់រូប លោកអ្នកអាចឃើញវាតាមផ្លូវទៅកាន់ ជីផាត អ្នកដំណើរតាមផ្លូវទឹកគ្រប់រូប ដែលបានឆ្លងកាត់ទីនេះតែងតែសែន ដល់អ្នកតាម្ចាស់ទឹក មានដូចជាសាច់ ផ្លែឈើ ព្រោះក្នុងវប្បធម៌ខ្មែរគេជឿថាទន្លេមានអ្នកថែរក្សា។ ដូចនេះបើគ្មានអ្នកណាម្នាក់សែនអាហារ ដល់ព្រលឹងនោះទេ អ្នកថែរក្សានោះនឹងខឹងសម្បា ហើយការធ្វើដំណើរនោះនឹងគ្មានសេចក្តីសុខ ឡើយ។ បើតាមរឿងព្រេងបាននិទានថា ទីសក្ការៈបូជានេះជាយូរលុងមកហើយគឺជាផ្ទះ កូនក្រមុំម្ចាស់ស្រុកម្នាក់ កាលនោះ តានង និងតាអូម ជាចាស់ស្រុក បានរៀបចំជាក្បួនហែរជំនួនយ៉ាងវែង សម្រាប់កូនប្រុស និងកូនស្រី របស់ខ្លួន នៅថ្ងៃហែរជំនួន បានមកដល់មនុស្សម្នាប្រុសស្រីច្រើននាក់ រួមជាមួយគ្រឿងសំអាង ទឹកអប់ សំពត់ ហូល ផាមួង ហែរហមដោយក្របី ដំរី ជាច្រើនក្បាល និងបទភ្លេងប្រពៃណីប្រគុំអមផងដែរ មួយរំពេចនោះភ្លៀងបានធ្លាក់យ៉ាងខ្លាំងធ្វើអោយក្បួនហែរជំនូននោះមិនអាចទៅមុខ ឬថយក្រោយបានឡើយ ហើយដំរី និងក្របីក៏ស្រាប់ តែផុងជាប់នៅក្នុងភក់ដើរមិនរួច។ ក្រោយមកវាក៏ក្លាយជាថ្ម រីឯផ្ទះកូនក្រមុំនៅថ្ងៃនោះដែរ ភ្លៀងបានជោរជនលិចសល់តែដំបូលដូចជាថ្មកំពុងអណ្តែត ថ្មនេះហើយដែលឥឡូវគេប្រើជាទីសក្ការៈបូជាចំពោះអ្នកតាម្ចាស់ទឹកដីមានឈ្មោះថា"ថ្មអណ្តែត" ដែលស្ថិតក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងមក ដល់សព្វថ្ងៃនេះ៕

ប្រភព : www.kohkong.gov.kh


Ding Ding

62 Travel Tips posts

Comments