៤ កន្លែង​ដែល​ត្រូវ​ទៅ​នៅ​ខេត្ត​កែប និង​កំពត

កំពត និង​កែប គឺជា​ទឹកដី​​​​មួយ​ដែល​ជាប់​នឹង​សមុទ្រ​ដ៏ស្ងប់ស្ងាត់ តែ​សម្បូរ​ទៅ​ដោយ​​​សម្បត្តិ​ធម្មជ

រាល់​ពេល​ទៅ​ដល់ កំពត និង​កែប​ អ្នក​ទេសចរ​សឹងតែ​គ្រប់​គ្នា តែង​នឹក​ដល់​ម្ហូបសមុទ្រ ពិសេស​ក្តាម និង​ទឹកត្រី​កំពត​ដែល​​ល្បី​​​មិន​ដាច់ ពី​មាត់​មួយ​ទៅ​មាត់​មួយ​។ ក្រៅពី​ការ​កម្សាន្ត​នៅ​មាត់សមុទ្រ​នៅ​កែប ភ្ញៀវទេសចរ​តែង​ទៅ​លម្ហែកាយ​នៅ​តំបន់ ទឹកជ្រោះ ទឹកឈូរ មើល​ចម្ការ​​​ទុរេន ឡើង​ភ្នំ​បូកគោ មើល​ពពក​វិល ជាដើម។

សប្តាហ៍​នេះ​ LIFT នឹង​នាំ​មិត្ត​យុវវ័យ​អ្នកអាន​ទៅ​លេង​កន្លែង​ប្លែកៗ និង​ធ្វើ​សកម្មភាព​ថ្មីៗ​នៅ​កំពត និង​កែប​ទាំងអស់​គ្នា។

១. សកម្មភាពជិះទូក Kayaking

នៅក្នុង​ខេត្ត​កំពត មាន​រមណីយដ្ឋាន​​​ជាច្រើន ជាពិសេស​នៅ​តាម​មាត់ព្រែក​​ទឹកសាប​​កំពត។ ផ្ទះ​សង់​​របៀប​​ជា​បឹង​​ហ្គាឡូ ឬ​ផ្ទះ​ឈើ​បុរាណ​ខ្មែរ នៅ​ចំហៀង​មាន​ទេសភាព​​វាលស្រែ ជាពិសេស​​រមណីយដ្ឋាន​ភាគច្រើន​គឺ​ស្ថិត​នៅ​ជាប់​នឹង​​មាត់ព្រែក​​តែ​ម្តង ដែល​អំណោយផល​ដល់​ភ្ញៀវទេសចរ​អាច​ហែលទឹក​លេង​​កម្សាន្ត​ផង និង​អាច​ជិះទូក​ Kayakingបាន​ផង​ដែរ​។

លោក​​​អ្នក​អាច​​ចែវ​ទូក​នោះ​នៅ​ក្បែរៗ​នឹង​រមណីយដ្ឋាន តែ​យើង​​សូម​​ណែនាំ​ឲ្យ​សាកល្បង​ចែវ​តាម​ផ្លូវ​ដៃ​ព្រែក​តូចៗ​​ទៅ​​ដល់​ Green Cathedral Loops ដែល​ជា​ចំណុច​ប្រសព្វ​នៃ​ដៃព្រែក​តូចៗ​ទាំងនោះ​ក្នុង​រយៈពេល​ប្រមាណ​ ២ ទៅ​ ២ ម៉ោង​កន្លះ។

មិត្ត​អ្នកអាន​​អាច​សាកល្បង​កម្សាន្ត​នូវ​​សកម្មភាព​នេះ​នៅ Les Manguiers Kompot ឬ​នៅ​ Champa Lodge Resort។

២. ទៅ​កម្សាន្ត​​នៅ​កោះ​ទន្សាយ

បើនិយាយ​ដល់​កោះ​នៅក្នុង​ខេត្ត​កែប គេ​មិន​ដែល​ភ្លេច​ទៅ​ដល់​កោះ​ទន្សាយ​នោះ​ទេ មិន​ថា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។ ធ្វើ​ដំណើរ​​ចេញ​ពី​កែប​តាម​ទូក​ប្រមាណ​ ២០ នាទី លោក​​អ្នក​នឹង​ប្រទះ​ឃើញ​ឆ្នេរខ្សាច់​សក្បុស លាតសន្ធឹង​ដាច់​កន្ទុយ​ភ្នែក ពោរពេញ​ទៅ​ដោយ​ដើមដូង​ដុះ​ជា​ជួរៗ កោះ​ទន្សាយ​ជា​ទីកន្លែង​យ៉ាង​មនោរម្យ​សម្រាប់​លម្ហែកាយ​ជា​លក្ខណៈ​គ្រួសារ ឬ​ការ​ជួបជុំ​មិត្តភក្តិ។

ក្រៅពី​ហែលទឹក​នៅ​ឆ្នេរ​ធំ (កំពង់ផែ​ចុះចត​ទូក) លោក​អ្នក​អាច​ដើរ​កម្សាន្ត (Trekking) នៅ​ជុំវិញ​កោះ​ទៅកាន់​ឆ្នេរ​តូចៗ​ជាច្រើន​ទៀត ដែល​មាន​សម្រស់​មិន​ចាញ់​ឆ្នេរ​ធំ​ប៉ុន្មាន​ទេ គឺ​ឆ្នេរខ្សាច់​ស ទឹកសមុទ្រ​ថ្លាយង់ និង​គ្រាន់តែ​​ស្ងប់ស្ងាត់​ជាង​តែ​ប៉ុណ្ណោះ​។

រឹតតែ​ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​អ្នក​មិន​គួរ​ខកខាន​​ទៅ​ស្ទូច​ត្រី​ដោយ​ជិះទូក​ជាមួយ​អ្នកភូមិ​ទៅ​កោះ​​ជិត​ខាង ទៅ​​ចែវទូក​កានូ Kayaking ទៅ Snorkeling មើល​ត្រី​ និង​ផ្កាសមុទ្រ និង​ទៅ​ម៉ាស្សា សម្រាក​នៅលើ​ឆ្នេរ​គយគន់​ថ្ងៃ​លិច​នៅ​លើ​កោះ​ឡើយ។

ស្នាក់​នៅលើ​​កោះ​​​ ១ ឬ ២ ​យប់ គឺ​គ្រប់គ្រាន់​តែ​ម្តង​ ហើយ​ចំពោះ កន្លែង​ស្នាក់នៅ​ និង​ម្ហូបអាហារ​ លោក​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​អ្វី​ឡើយ​ នៅលើ​កោះ​ដ៏សម្បូរបែប​មួយ​នេះ​។

៣. ទៅ​មើល​ថ្ងៃ​លិច​នៅ​ភ្នំ​វល្លិ និង​ដើរ​កម្សាន្ត​ក្នុង​ចម្ការ​ម្រេច

ក្រៅពី​សមុទ្រ និង​កោះ កំពត​មិន​ទាន់​អស់​កន្លែង​កម្សាន្ត​សម្រាប់​លោកអ្នក​នោះ​ទេ។ ផ្លាស់ប្តូរ​ទស្សនីយភាព​ទៅ​ដើរ​ព្រៃ ឡើង​ភ្នំ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ និង​មើល​ថ្ងៃ​លិច​នៅ​ភ្នំ​វល្លិ​ ដែល​មាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ ពី​ខេត្ត​កែប ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នកភូមិ​នៅ​ទី​នោះ។

ដើម្បី​ចំណាយ​ពេល​ឲ្យ​មាន​ប្រសិទ្ធភាព និង​មាន​ភាព​សប្បាយ​កាន់តែ​ខ្លាំង យើង​សូម​ណែនាំ​ឲ្យ​លោកអ្នក​ទៅ​ដើរ​​ទស្សនា​ភ្នំ​វល្លិ​នៅពេល​រសៀល ត្រឡប់​មក​វិញ​ចូល​សម្រាក​នៅ​រមណីយដ្ឋាន មួយ​ចំនួន​នៅ​ទី​នោះ ដែល​មាន​ដូចជា The Vine Retreat Resort ហើយ​នៅពេល​ព្រឹក​ថ្ងៃ​បន្ទាប់ លោក​អ្នក​អាច​ទៅ​ដើរ​កម្សាន្ត​​នៅ​ចម្ការ​ម្រេច ឬ​ទុរេន ឬ​ចម្ការ​បន្លែ​នៅ​ទី​នោះ។

លោក​អ្នក​នឹង​បាន​ទទួលទាន​ម្ហូបអាហារ ពិសេស​បន្លែ​ស្រស់ៗ​ដែល​ដាំ​ផ្ទាល់​នៅ​ទី​នោះ​តែ​ម្តង។

៤. Pub Street នៅ​ខេត្ត​កំពត

មាន​លក្ខណៈ​ស្ងប់ស្ងាត់​ជាង ​Pub Street នៅ​ខេត្ត​សៀមរាប ហាងបារ៍ និង​តៀម​ស្រា​មួយ​ចំនួន​តម្រៀប​គ្នា​ជា​ជួរ តាម​ដងផ្លូវ​មាត់ទន្លេ ក្នុង​ក្រុង​ដ៏ស្ងប់ស្ងាត់​មួយ​នេះ រំលេច​ដោយ​ភ្លើង​ពណ៌​ទឹកក្រូច​តូចៗ ខ្លះ​ទៀត​រចនា​ដោយ​ភ្លើង​ ៧ ​ពណ៌ អម​ដោយ​បទ​ភ្លេង​ស្រទន់ បង្កើត​ជា​បរិយាកាស​មួយ​យ៉ាង​ស្រស់ស្រាយ និង​មនោរម្យ​។

ដោយ​ចង់​ផ្លាស់ប្តូរ​បរិយាកាស​បន្តិច យើង​សូម​ណែនាំ បារ៍​មួយ​ដែល​ស្ថិត​នៅលើ​កប៉ាល់ មាន​រៀបចំ​តុ​សម្បក​កង់​ឡាន​តូចៗ​ទាបៗ និង​មាន​កម្រាល​​ពូក​ស្តើងៗ​សម្រាប់​ក្រាល​អង្គុយ។ មាន​តុបតែង​លាយ​អំពូល​រំលេច​តូចៗ បារ៍​ទូក​នេះ​មាន​លក់​ជា​ម្ហូប​សម្រន់ និង​ភេសជ្ជៈ​ជាច្រើន​ប្រភេទ។

បើ​បាន​ទៅ​ដល់​ខេត្ត​កំពត​ហើយ សង្ឃឹម​ថា មិត្ត​អ្នកអាន​ទាំងអស់​គ្នា​មិន​ភ្លេច​ទៅ​បារ៍​លើ​ទូក​នេះ​ទេ៕


Ding Ding

47 គន្លឹះធ្វើដំណើរ ផុស

មតិយោបល