កម្ពុជាត្រូវការទេសចរណ៍ដំណើរសត្វអណ្តើក, ហេតុអ្វី?

ភ្នំពេញ៖ តើលោកអ្នកស្គាល់ពាក្យថា ដំណើរកម្សាន្តយឺតៗ ឬទេសចរណ៍ដំណើរសត្វអណ្តើក (Slow tourism) ឬទេ? ប្រសិនបើគេពិនិត្

ភ្នំពេញ៖ តើលោកអ្នកស្គាល់ពាក្យថា ដំណើរកម្សាន្តយឺតៗ ឬទេសចរណ៍ដំណើរសត្វអណ្តើក (Slow tourism) ឬទេ? ប្រសិនបើគេពិនិត្យទៅលើពាក្យនេះ គេអាចយល់បានខ្លះរួចទៅហើយ។ ទេសចរណ៍ដំណើរសត្វអណ្តើក មានន័យថា គឺជាប្រភេទដំណើរកម្សាន្ត ដែលភ្ញៀវទេសចរប្រើប្រាស់ពេលវេលាគ្រប់គ្រាន់ ដើម្បីគយគន់ទេសភាពដែលនៅជុំវិញខ្លួន, ដើម្បីជួបប្រជាពលរដ្ឋនៅតាមភូមិ, ដើម្បីស្គាល់វប្បធម៌ និងប្រពៃណីរបស់អ្នកស្រុកជនបទ។

ដំណើរទេសចរណ៍សត្វអណ្តើក ពេលខ្លះ អ្នកទេសចរមិនបាច់ធ្វើអ្វីក៏បានដែរ។ ពួកគេគ្រាន់តែអង្គុយលេង ចោលកន្ទុយភ្នែកទៅលើធម្មជាតិ ដូចជាទឹកភ្លៀង ខ្សល់បក់ ឬសម្លឹងមើលដុំពពកដែលកំពុងផាយផាត់ ឬក៏គ្រាន់តែដកដង្ហើមស្រូបយកខ្សល់អាកាសបរិសុទ្ធក៏បានដែរ។ ទាំងនេះហើយដែលគេហៅថា ដំណើរទេសចរណ៍យឺតៗ ឬដំណើរកម្សាន្តយឺតៗ។ ដំណើរទេសចរណ៍យឺតៗ ផ្ទុយពីវិស័យទេសចរណ៍រីកចម្រើនយឺត។ 
 
រហូតមកទល់នឹងពេលនេះ ភ្ញៀវទេសចរយឺតៗមានចំនួនតិចតួចនៅឡើយទេ នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ ទីភ្នាក់ងារទេសចរណ៍មួយចំនួនទទួលបានតែភ្ញៀវទេសចរ ដំណើរកម្សាន្តល្បឿនលឿន (Speed tourists)។ ជាក់ស្តែង ជើងយន្តហោះដែលដឹកភ្ញៀវទេសចរបរទេសមកពីប្រទេសជិតខាងតាមរយៈកញ្ចប់ទេសចរណ៍របស់ពួកគេ បានចុះចតនៅទីក្រុងភ្នំពេញ ឬខេត្តសៀមរាប មានលទ្ធភាពទស្សនាប្រាសាទ ឬទីក្រុងភ្នំពេញតែ១ថ្ងៃ ឬ២ថ្ងៃប៉ុណ្ណោះ រួចហើយពួកគេក៏ចាកចេញពីប្រទេសកម្ពុជាវិញភ្លាម។ ក្រុមទេសចរបែបនេះ មិនមែនជាប្រភេទទេសចរណ៍ដំណើរសត្វអណ្តើកឡើយ។ តែជាទេសចរល្បឿនលឿន មានន័យថា ចូលមកភ្លាម ចេញទៅវិញភ្លែត។ កម្ពុជាត្រូវការអ្នកទេសចរ ឬទេសចរណ៍ដំណើរសត្វអណ្តើក(ស្នាក់នៅកម្ពុជារយៈពេលយូរ)។ 
 
តើលោកអ្នកធ្លាប់ឮអ្នកជំនាញវិស័យទេសចរណ៍ ឬក្រសួងទេសចរណ៍ត្អូញត្អែរពីការស្នាក់នៅរយៈពេលខ្លីរបស់អ្នកទេសចរបរទេសនៅកម្ពុជាដែរឬទេ? ការស្នាក់នៅដែលច្រើនបំផុតជាមធ្យមរបស់ទេសចរបរទេស គឺ៥យប់។
 
ការស្រាវជ្រាវអន្តរជាតិនានា បានបញ្ជាក់ថា រមណីយដ្ឋានអង្គរ គឺជាទីតាំងកម្សាន្តដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ប៉ុន្តែរហូតមកដល់ពេលនេះ រមណីយដ្ឋានទេសចរណ៍វប្បធម៌ ធម្មជាតិល្អឯកនេះ នៅមិនទាន់អាចធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាតំបន់ទេសចរណ៍ចាំបាច់នៅឡើយទេ ហើយតំបន់អង្គរ មិនទាន់អាចអង្រួនបេះដូងអ្នកទេសចរបរទេសឲ្យស្នាក់នៅច្រើនសប្តាហ៍បាននៅឡើយទេ។ 
 
ការធ្វើឲ្យវិស័យទេសចរណ៍ងើបឡើងវិញ គឺជាកិច្ចការសំខាន់បំផុតសម្រាប់ស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីវិស័យនេះងាប់ស្តូកអស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ។ តែទោះជាយ៉ាងនេះក្តី អ្វីៗហាក់បីដូចជាកំពុងប្រែប្រួលទៅរកភាពប្រសើរឡើងវិញខ្លះដែរ។ ដើម្បីស្តារវិស័យនេះឡើងវិញ សុវត្ថិភាពសុខភាពទាក់ទងទៅនឹងជំងឺកូវីដ-១៩ នឹងក្លាយទៅជាលក្ខខណ្ឌទី១ សម្រាប់ទេសចរបរទេសភាគច្រើន។ 
 
អ្នកទេសចរនឹងធ្វើដំណើរទៅកម្សាន្តតែតំបន់ណា ដែលពួកគេមិនតម្រូវឲ្យមានការធ្វើចត្តាឡីស័ក ហើយសុវត្ថិភាពសុខាភិបាលត្រូវតែធានាឲ្យបាន។ ប្រសិនបើគេភ្ជាប់លក្ខខណ្ឌរបៀបនេះមែន នោះ កម្ពុជាបាន និងកំពុងរៀបចំខ្លួនរួចហើយ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍ទាំងនេះ។ 
 
សូមបញ្ជាក់ថា បើគិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១នេះ រដ្ឋាភិបាលកម្ពុជាគ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនឲ្យបាន១០លាននាក់។ កម្រិតចំនួននេះតំណាងឲ្យ៤២% បើគិតក្នុងក្នុងតំបន់ ហើយកម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសទី២ដែលមានកម្រិតអ្នកចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន។ បើនិយាយពីភ្នំពេញវិញ រាជធានីមួយនេះ ត្រូវបានគេចាត់ទុកថា ជារាជធានីដែលបានមានអ្នកចាក់វ៉ាក់សាំងច្រើនជាងគេនៅលើពិភពលោក គឺ៩៩%។ បើផ្អែកលើតួលេខនេះ គេគួរចាប់ផ្តើមគិតថា នេះ គឺជាពេលវេលាដ៏ល្អសម្រាប់ធ្វើការផ្សព្វផ្សាយដើម្បីឲ្យភ្ញៀវទេសចរបរទេសបានដឹងហើយ។ 
 
មកទស្សនាប្រទេសកម្ពុជា មានន័យថា លោកអ្នកមានសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចទស្សនាសម្បត្តិវប្បធម៌ចម្រុះ ធនធានធម្មជាតិ និងសក្តានុពលទេសចរណ៍ដទៃទៀត ដែលប្រទេសជិតខាងមិនមានដូច។ 
 
មេរោគកូរ៉ូណាពិតជាបានញាំញីប្រទេសកម្ពុជាមែន។ ប៉ុន្តែ បញ្ហានេះ ពេលខ្លះ វាក៏ជាឱកាសអនុញ្ញាតឲ្យប្រទេសមួយនេះរៀបចំគោនយោបាយទេសចរណ៍របស់ខ្លួនឡើងវិញដែរ។ រមណីយដ្ឋានអង្គរ គឺជាដុំពេជ្រ ឬជាត្បូងដ៏មានតម្លៃមិនកាត់ថ្លៃបាន។ ដូច្នេះ កម្ពុជាត្រូវតែបង្ហាញដុំមាសនេះ ទៅកាន់ពិភពលោក ហើយពិភពលោក ក៏មិនគួរទុកឲ្យឱកាសមាសពេជ្រនេះកន្លងផុតដែរ។ 
 
ក្នុងមួយជីវិត ប្រសិនបើលោកអ្នកមិនបាន ឬមិនអាចទៅ«លេង»អង្គរវត្តបានមួយម្តងទេ នោះ ជីវិតលោកអ្នកហាក់បីដូចជាគ្មានន័យ៕ 

Mengsok

30 គន្លឹះធ្វើដំណើរ ផុស

មតិយោបល