ខេត្តមណ្ឌលគិរីកាន់តែមានសន្ទុះ ខណៈរាជរដ្ឋាភិបាលបានអនុម័តលើផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍

រាជរដ្ឋាភិបាលបានអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី

រាជរដ្ឋាភិបាលបានអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ តាមរយៈលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ហត្ថលេខាលើអារម្ភកថា នៃផែនការមេនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញលេញ ដល់ការអនុវត្តផែនការមេដ៏មានសារៈសំខាន់នេះ។

បើទោះបីប្រឈមនឹងវិបត្តិកូវីដ-១៩ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំការងារនេះជាប្រចាំ និងម៉ត់ចត់ និងបានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗជាច្រើន។ ហើយផែនការមេនេះដែរ បានចាប់ផ្តើមដំណើរការរៀបចំនៅអំឡុងខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាងទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។ 

គួរបញ្ជាក់ថា៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣៥) នេះ ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិអន្តរជាតិ ជាប្រធានក្រុមការងារបច្ចេក និងឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ អភិវឌ្ឍទេសចរណ៍ ជាប្រធានលេខាធិការដ្ឋាន។

សូមជម្រាបជូនថា៖ ខេត្តមណ្ឌលគិរីនឹងមានសន្ទុះ ក៏ដូចជាកំណើនភ្ញៀវទេសចរណ៍ឡើងវិញ បន្ទាប់រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់ផែនការមេតែម្តងដូចដែលបានអនុវត្តកន្លងមកក្នុងការអនុម័តដាក់ឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប(២០២១-២០៣៥) និងផែនទីចង្អុលបង្ហាញផ្លូវក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយពីវិបត្តិជំងឺកូវីដ-១៩ ។

រូបភាព៖ ពូតាំងរីសត

source: business-cambodia


Mengsok

30 Travel Tips posts

Comments