ហាងមី និងគុយទាវ មួយកន្លែងនៅស្រុកខ្សាច់កណ្ដាល លក់មួយថ្ងៃអស់ពី២០០-៤០០ចាន

លោក ហ៊ឺ យូរី ជាម្ចាស់អាជីវកម្មលក់គុយទាវ និងមី នៅខ្សាច់កណ្ដាល ដែលរបរនេះមានអាយុកាលប្រមាណ ៤០ឆ្នាំមកហើយ។

លោក ហ៊ឺ យូរី ជាម្ចាស់អាជីវកម្មលក់គុយទាវ និងមី នៅខ្សាច់កណ្ដាល ដែលរបរនេះមានអាយុកាលប្រមាណ ៤០ឆ្នាំមកហើយ។ របរចាស់វស្សាមួយនេះ កំពុងទាក់ទាញភ្ញៀវ ច្រើនកុះករ ពីភ្នំពេញ និងខេត្តកណ្ដាល ។ បច្ចុប្បន្នហាងលោកយូរ៉ី អាចលក់ គុយទាវ និងមី ប្រមាណ ៤០០ចាន ក្នុងថ្ងៃចុងសប្ដាហ៍ និងលក់បាន២០០ចាន ក្នុងថ្ងៃធម្មតា ។

«តាកាវ គុយទាវ មីស្រស់ កង់រទេះ» ជាយីហោហាង មី និងគុយទាវ របស់លោក យូរ៉ី ដែលស្ថិតតាមបណ្ដោយមាត់ទន្លេ នៅក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ យីហោមួយនេះ មានអាយុកាលប្រមាណ ៤០ឆ្នាំមកហើយ ពោលគឺជាមុខរបរគ្រួសាររបស់ លោក យូរ៉ី ពីជំនាន់ជីតា ដល់ម្ដាយ រហូតដល់ខ្លួនលោក។


លោក ហ៊ឺ យូរ៉ី ម្ចាស់ហាង តាកាវ គុយទាវ មីស្រស់ កង់រទេះ ឬមីលាក់ខ្លួន។

លោក យូរ៉ី បានឱ្យដឹងថា ហាងរបស់លោក ទើបមានការគាំទ្រខ្លាំងប្រមាណជាង១ខែនេះ ដោយសារក្រុមអ្នកជិះកង់មកកម្សាន្តនៅខ្សាច់កណ្ដាលជួយផ្សព្វផ្សាយពីរសជាតិ។ ក្រុមជិះកង់ បានដាក់រហ័សនាមហាងនេះថា «គុយទាវលាក់ខ្លួន» ដោយសារពិបាករកទីតាំង និងឆ្ងាយពីភ្នំពេញ។  
 
«ទើបតែពេលឥឡូវទេ ទើបទទួលបានការគាំទ្រច្រើន។ មូលហេតុដែលទើបតែទទួលបានការគាំទ្រហ្នឹង ដោយក្រុមបងៗជិះកង់មកឃើញ និងហូបទៅ ហើយពួកគាត់ស៊ែរតៗគ្នាទៅ»។ នេះជាការបញ្ជាក់របស់លោកយូរ៉ី ដែលបន្ថែមថា ក្នុងមួយថ្ងៃលោកអាចលក់បានប្រមាណ ២០០ចាន សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និង ៤០០ចាន នៅថ្ងៃសៅរ៍ និងអាទិត្យ ដែលសុទ្ធសឹងជាចំនួន ដែលភ្ញៀវមកកាន់ទីតាំងហាងផ្ទាល់។ 
 
ការពិតទៅមិនត្រឹមតែការផ្សព្វផ្សាយពីក្រុមអ្នកជិះកង់ ដែលធ្វើឱ្យហាងលក់ មី និងគុយទាវ ទទួលបានការពេញនិយមប៉ុណ្ណោះទេ គឺផ្គួបផ្សំនឹងលក្ខណៈពិសេសនៃរសជាតិផងដែរ។


រូបភាពផ្ដល់ដោយ លោក ហ៊ឺ យូរ៉ី។

ម្ចាស់ហាង លោក ហ៊ឺ យូរ៉ី រៀបរាប់ដូច្នេះ៖«ចំណុចពិសេសសម្រាប់ហាងខ្ញុំវិញ សម្រាប់សរសៃមីយើងធ្វើវាដោយខ្លួនឯថ ធ្វើថ្មីៗ និងរសជាតិឆ្ងាញ់របស់ប្រហិត។ មួយទៀត ដោយសារហាងរបស់យើងមានទីតាំងជាប់មាត់ទន្លេ ដូច្នេះវាមានបរិយាកាសល្អ បែបធម្មជាតិ និងមានទីធ្លាចតឡានម៉ូតូទូលាយ។ និយាយជារួមគឺគុយទាវមួយចានរបស់យើង គឺមានរសជាតិឆ្ងាញ់»។ 
 
ភ្ញៀវមកបរិភោគ មានការកើនឡើង បណ្ដាលឱ្យការផ្គត់ផ្គត់ មិនទាន់តម្រូវការអតិថិជនឡើយ។ បច្ចុប្បន្នហាងលក់មី និងគុយទាវនេះ កំពុងជួបបញ្ហា ដែលបណ្ដាលមកពីកង្វះកម្លាំងពលកម្ម ខណៈដែលភ្ញៀវមានការកើនឡើង។ កង្វះពលកម្ម បង្កឱ្យការផ្គត់ផ្គង់សេវាកម្មក្នុងហាងមានការយឺតយ៉ាវ ដោយភ្ញៀវខ្លះត្រូវរង់ចាំពីកន្លះម៉ោង ទៅមួយម៉ោងក៏មាន នៅថ្ងៃចុងសប្ដាហ៍។
 
ទោះបីអាជីវកម្មខ្លួនកំពុងទទួលបានការគាំទ្រច្រើនក៏ដោយ ប៉ុន្តែម្ចាស់ហាងរូបនេះថា ខ្លួនមិនទាន់មានគម្រោង ក្នុងការបើក ឬបន្ថែមទីតាំងថ្មីទៀតនោះឡើយ ថ្វីបើខ្លួនចង់មានហាងមួយទៀតនៅឯភ្នំពេញ ដោយសារទីតាំងជួលមានតម្លៃថ្លៃ។ ជំនួសដោយការពង្រីកអាជីវកម្មខ្លួន លោក យូរ៉ី បង្វែរមកជាការពង្រឹងសមត្ថភាពផ្គត់ផ្គង់ ចំពោះតម្រូវការអតិថិជនបច្ចុប្បន្នសិន៕
 
 



រូបភាពផ្ដល់ដោយ លោក ហ៊ឺ យូរ៉ី។
 

Mengsok

30 គន្លឹះធ្វើដំណើរ ផុស

មតិយោបល