ក្រសួងទេសចរណ៍ ជ្រើសរើសភូមិចំនួន៣ ដើម្បីចូលរួមប្រកួតកម្មវិធី« ភូមិទេសចរណ៍ឆ្នើម» ក្នុងពិភពលោក

អង្គការទេសចរណ៍ពិភពលោក រៀបចំការប្រកួត ភូមិទេសចរណ៍ឆ្នើម ដើម្បីលើកស្ទួយទេសចរណ៍បែបជនបទ។

អង្គការទេសចរណ៍ពិភពលោក រៀបចំការប្រកួត ភូមិទេសចរណ៍ឆ្នើម ដើម្បីលើកស្ទួយទេសចរណ៍បែបជនបទ។ ក្នុងនោះដែរកម្ពុជា នឹងជ្រើសរើសភូមិចំនួន៣ ដើម្បីចូលរួមការប្រកួតនេះជាមួយប្រទេសផ្សេងៗទៀតផងដែរ។បច្ចុប្បន្ន ក្រសួងទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន កំពុងពិនិត្យមើល ភូមិទេសចរណ៍ដែលមានលក្ខណសម្បត្តិពេញលេញ ក្នុងការចូលរួមប្រកួតភូមិទេសចរណ៍ឆ្នើម ដែលរៀបចំឡើងដោយអង្គការទេសចរណ៍ពិភពលោក។

ភូមិដែលមានអាចចូលរួមការប្រកួតកម្មវិធីនេះបាន ត្រូវមានលក្ខណសម្បត្តិដូចជា ភូមិដែលមានសក្ដានុពលទេសចរណ៍ និងវប្បធម៌។ ទី២ ភូមិដែលមានប្រជាជន ជាអ្នកចូលរួមថែរក្សានិងផ្សព្វផ្សាយពីគុណតម្លៃវប្បធម៌និងទេសចរណ៍។ ទី៣ ភូមិដែលមានទស្សនវិស័យទេសចរណ៍ដើម្បីជាឧបករណ៍នៃការអភិវឌ្ឍដោយចីរភាពនិងបរិយាបន្ន។ ទី៤ ភូមិដែលឱ្យតម្លៃលើប្រជាជន និងសិប្បកម្មខ្លួន។ ទី៥ ភូមិដែលធ្វើការដើម្បីសុខាមាលភាពប្រជាជន និងអ្នកទស្សនា ។ នេះបើតាមការរៀបរាប់របស់លោក Zurab Pololikashvili អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ក្នុងឆាណែលយូធូប UNWTO។
 
យ៉ាងណាមិញលោក តុប សុភ័ក្រ្ត រដ្ឋលេខាក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថាការចូលរួមកម្មវិធិនេះ នឹងអាចលើកស្ទូយទេសចរណ៍បែបជនបទរបស់កម្ពុជា ជាពិសេសនឹងផ្ដល់ការអភិវឌ្ឍន៍បន្ថែមដល់មូលដ្ឋាននោះផ្ទាល់។
 
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ « បើកាលណាភូមិដែលចូលរួមនោះជាប់ជ័យលាភី ភូមិនោះនឹងក្លាយជាភូមិឆ្នើមមិនត្រឹមតែក្នុងប្រទេសកម្ពុជា ប៉ុន្តែក្នុងពិភពលោកតែម្ដង។ គាត់អាចមានឱកាសទទួលបានចំណេះដឹងបទពិសោធ មកអភិវឌ្ឍភូមិគាត់ ដែលអាចធ្វើឱ្យការរីកចម្រើនដល់ទេសចរណ៍មូលដ្ឋាន និងផ្ដល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់ »។
 
ក្នុងបរិបទកូវីដ-១៩ នេះការចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «ភូមិទេសចរណ៍ឆ្នើម » គឺជាការបង្ហាញសក្ដានុពលទេសចរណ៍ជនបទរបស់កម្ពុជា ដើម្បីទាក់ទាញទេសចរបរទេសមកកម្សាន្ត នៅពេលដែលកម្ពុជាបើកទទួលទេសចរអន្តរជាតិវិញផងដែរ។ សូមជម្រាបផងដែរថាថ្ងៃផុតកំណត់នៃការដាក់ពាក្យចូលរួមកម្មវិធីនេះគឺ ថ្ងៃទី៣១កក្កដា ឆ្នាំ២០២១ ៕

Mengsok

30 គន្លឹះធ្វើដំណើរ ផុស

មតិយោបល