ផលិតផលអត្តសញ្ញាណ៣ប្រភេទ អាចបង្ហាញឱ្យគេស្គាល់ខេត្តបាត់ដំបង!

ភ្នំពេញ៖ ណែមត្រី ឬសង្វាក់ត្រី បុកកន្ទុយហេស បុកទឹកគ្រឿង ជាផលិតផលបង្ហាញពីអត្តសញ្ញាណខេត្តបាត់ដំបង។ ផលិត

ភ្នំពេញ៖ ណែមត្រី ឬសង្វាក់ត្រី បុកកន្ទុយហេស បុកទឹកគ្រឿង ជាផលិតផលបង្ហាញពីអត្តសញ្ញាណខេត្តបាត់ដំបង។ ផលិតផលទាំងនេះ  ត្រូវបានអ្នករស់នៅខេត្តបាត់ដំបងស្គាល់ស្ទើរគ្រប់គ្នា ក្រៅពីនោះ ពលរដ្ឋរស់នៅខេត្តដទៃនៅទូទាំងប្រទេស ក៏បានស្គាល់ពីរសជាតិ និងផលិតផលអត្តសញ្ញាណប្រចាំខេត្តនេះផងដែរ។ ក្រៅពីម្ហូប និងផលិតផលទាំងបីមុខនេះ ខេត្តបាត់ដំបងមានម្ហូប និងផលិតផលប្រចាំផ្សេងៗផងដែរ។

«កន្ទុយហេស» ជាប្រភេទម្ហូបមួយប្រភេទ មានលាយផ្សំដោយគ្រឿងផ្សំច្រើនមុខ បុកបញ្ចូលគ្នា មានរសហឹរ អាចបរិភោគជាមួយបន្លែ និងអន្លក់ផ្សេងៗបានច្រើនប្រភេទ។
 
អ្នកស្រី អ៊ឹង លីលីដា ជាពលរដ្ឋ និងជាអ្នកលក់កន្ទុយហេសប្រចាំខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានThmey Thmey25 ថា បុកកន្ទុយហេស ជាម្ហូបមួយប្រភេទដែលមានដើមកំណើតចេញពីខេត្តបាត់ដំបង។ ពលរដ្ឋស្ទើរគ្រប់រូបដែលរស់នៅក្នុងខេត្តនេះ ស្គាល់ និងចេះពីរបៀបបុកកន្ទុយហេស។
 
ទាក់ទងនឹងប្រវត្តិនៃដើមកំណើតបុកកន្ទុយហេស កើតចេញពីស្រ្តីមេផ្ទះ ដែលខំច្នៃរកមុខម្ហូប ដើម្បីរករសជាតិថ្មី សម្រាប់តម្រូវចិត្តរបស់ពួកគេ។ ស្រី្តវ័យ៣១ឆ្នាំរូបនេះ បញ្ជាក់ថា ម្ហូបមួយប្រភេទនេះ ពលរដ្ឋនិយមវេចយកបរិភោគនៅតាមស្រែចម្ការដូចទៅនឹងទៅនឹងប្រហុកដែរ។ ដ្បិតវាជាម្ហូបប្រចាំតំបន់ក្តី ប៉ុន្តែកន្ទុយហេសកំពុងទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋទូទៅច្រើន ទាំងក្នុងស្រុកនិងក្រៅប្រទេស។  
 
«ខ្ញុំគិតថា កន្ទុយហេសមានជាង៥០ឆ្នាំហើយ ដោយសារកាលខ្ញុំនៅពីតូចម្ហូបនេះ ខ្ញុំចេះពីម្ដាយ គាត់បង្រៀនឱ្យធ្វើ។ បើតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ កន្ទុយហេសមានប្រភពដើមចេញពីខេត្តបាត់ដំបង ព្រោះនៅខាងខេត្តដទៃក៏មិនមានបុកកន្ទុយហេសដែរ»។ នេះជាការពន្យល់របស់ អ្នកស្រី លីលីដា។
 


រូបភាពដោយ អ្នកស្រី អ៊ឹង លីលីដា

រៀបរាប់ទាំងអារម្មណ៍រីករាយតាមខ្សែទូរសព្ទជាមួយសារព័ត៌មានThmey Thmey25 អ្នកខេត្តបាត់ដំបងរូបនេះ ពិតជាត្រេកអរនៅពេលទទួលបានដំណឹង ពីការដាក់បញ្ចូលកន្ទុយហេស រួមនឹងមុខផលិតផលពីផ្សេងរបស់ខេត្តបាត់ដំបងទៅក្នុងកម្មវិធីទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ ជាលើកដំបូងសម្រាប់កម្ពុជា។
 
អ្នកស្រី លីលីដា រៀបរាប់បែបនេះ៖ «ខ្ញុំមិននឹងស្មានទេថាម្ហូបប្រចាំតំបន់មួយប្រភេននេះ ទទួលបានការចាប់អារម្មណ៍ រហូតបានដាក់ស្នើបង្ហាញទៅក្រៅប្រទេសឱ្យស្គាល់ពីមុខម្ហូបរបស់ខ្មែរ។ ទន្ទឹមនឹងនេះ ខ្ញុំគិតថាបង្ហាញផលិតផលប្រចាំតំបន់ពិតជាសំខាន់ ដើម្បីទាក់ទាញទេសចរពីតំបន់ផ្សេង ឱ្យមកស្វែងយល់ផ្ទាល់ពីតាំងដើមរបស់ផលិតផលទាំងនេះ។ ម្យ៉ាងវិញទៀត ព័ត៌មាននេះ ជាផ្នែកមួយជួយឱ្យខេត្តបាត់ដំបងកាន់តែល្បី ទាំងក្នុង និងក្រៅប្រទេស»។
 
ណែមត្រី ឬសង្វាក់ត្រីខេត្តបាត់ដំបង« ណែមត្រី » ផលិតផលមួយប្រភេទដែលផលិតចេញពីសាច់ត្រីស្រស់ លាយជាមួយគ្រឿងទេសផ្សំតាមធម្មជាតិបញ្ជូលគ្នា និងផ្អាប់ទុកឱ្យឡើងជូរ ទើបអាចយកបរិភោគបាន។
 
អ្នកស្រី សេង ថាន ជាអ្នកធ្វើណែមជាង១០ឆ្នាំ នៅក្នុងខេត្តបាត់ដំបង បានបញ្ជាក់ថា ណែមកើតចេញពីការច្នៃបែបថ្មីរបស់អ្នកខេត្តបាត់ដំបង។ អ្នកធ្វើណែមដំបូង បានរកវិធីលាយផ្សំ និងសាកច្រើនដងទើបចេញជាណែម សម្រាប់បរិភោគ និងមានលក់រហូតមកដល់សព្វថ្ងៃ។ អ្នកស្រី បន្ដថា ដំបូងៗមានតែអ្នកស្រុកអ្នកភូមិមួយចំនួនទេ ដែលស្គាល់ផលិតផលមួយប្រភេទនេះ ប៉ុន្ដែក្រោយមកដោយសាររសជាតិ និងមានអ្នកចង់សាកច្រើនទើបរីកសាយភាយទៅតាមខេត្តផ្សេងៗជាបន្តបន្ទាប់។


 រូបភាពដោយ អ្នកស្រី អ៊ឹង លីលីដា 

«ណែមដំបូងគេផ្សំមានលាយអង្ករលីងទៀតផង មិនមែនមានតែសាច់ត្រី និងគ្រឿងទេសទេ ប៉ុន្ដែដោយសាររសជាតិវាមិនសូវឆ្ងាញ់ គេក៏ដកចេញ សល់តែសាច់ត្រីស្រស់ និងគ្រឿងទេសមួយចំនួនប៉ុណ្ណោះ។ បច្ចុប្បន្នណែមត្រូវបានគេឆ្នៃចេញទៅជា ណែមដែលមានលាយស្បែកជ្រូក និងណែមផ្សេងទៀតតាមតែតម្រូវការរបស់អ្នកបរិភោ »។ នេះជាការពន្យល់របស់អ្នកស្រី សេង ថាន។
 
ស្រ្តីវ័យ៣៥ឆ្នាំខាងលើ សង្ឃឹមថាការផ្សព្វផ្សាយផលិតផលតាមតំបន់កាន់តែទូលំទូលាយ នឹងធ្វើឱ្យជីវភាពពលរដ្ឋរស់នៅក្នុងតំបន់កាន់តែប្រសើរ ដោយសារពួកគាត់អាចរកប្រាក់ចំណូលបន្ថែមពីលើការងារស្នូលប្រចាំថ្ងៃ។ អ្នកស្រី សេង ថាន លើកឡើងថា៖ «បើមានការបញ្ជាទិញណែមកាន់តែច្រើន អ្នកធ្វើសប្បាយចិត្តណាស់ ព្រោះពួកគាត់មានការងារធ្វើ និងមានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គងគ្រួសារ។ ចំណែកឯក្មេងៗក៏អាចជួយការងារស្រាលៗដូចជា ជាជួយច្រក និងចងណែមបន្ដិតបន្តួច ដើម្បីទទួលបានប្រាក់បន្ថែមផងដែរ។ ការងារទាំងនេះ ពួកគាត់អាចជួយសម្រួលជីវភាពបាន មិនចាំបាច់ទៅរកការងារធ្វើស្រុកគេទេ»។
 
បុកទឹកគ្រឿង ម្ហូបអាហារប្រចាំខេត្តបាត់ដំបង«បុកទឹកគ្រឿង» ជាមុខម្ហូបប្រចាំតំបន់នៅក្នុងខេត្តបាត់ដំបង ផ្សំដោយត្រីស្ងោរ ត្រីឆ្អើរ ម្ទេសតូចធំ ខ្ទឹមស ខ្ទឹមក្រហម  ក្រូចឆ្មារ និងត្រប់ពុតលំញង។ ទឹកគ្រឿងប្រភេទនេះ គេអាចបរិភោគជាមួយ និងអន្លក់ជាង១០មុខ។
 
អ្នកស្រី ហន សុធារី អ្នករស់នៅក្នុងខេត្តបាត់ដំបង និងជាម្ចាស់ហាងកុលាបស បាននិយាយថា បុកទឹកគ្រឿងខេត្តបាត់ដំបងមានលក្ខណៈពិសេសត្រង់រសជាតិ និងត្រូវបានភ្ញៀវទទួលស្គាល់ថាឆ្ងាញ់ និងល្បីក្នុងខេត្ត។ អ្នកស្រី បន្ថែមថា បុកទឹកគ្រឿងមានគេធ្វើគ្រប់តំបន់ ប៉ុន្ដែរសជាតិ និងគ្រឿងផ្សំខុសគ្នា។
 
ចំពោះបុកទឹកគ្រឿងរសជាតិដើម សម្រាប់ខេត្តបាត់ដំបង មិនមានដាក់សណ្ដែកដីទេ ហើយសម្រាប់គ្រឿងផ្សំមានដូចជា ខ្ទឹមស ខ្ទឹមក្រហម ត្រប់ពុតលំញង ម្ទេសធំ ម្ទេសតូចគេយកទៅលីង បន្ទាប់មកយកទៅបុកជាមួយត្រីស្ងោរ ត្រីឆ្អើរ ដាក់ក្រូចឆ្មារ និងប្រហុក នឹងបន្ថែម អំបិល ស្ករ និងប៊ីចេងជាការស្រេច៕ 


 រូបភាពដោយ អ្នកស្រី អ៊ឹង លីលីដា 
 
Source: thmey thmey

Mengsok

17 គន្លឹះធ្វើដំណើរ ផុស

មតិយោបល